នាយករដ្ឋមន្ដ្រីកម្ពុជា ៖ អាស៊ាន, BRICS និងសហគមន៍អន្តរជាតិ ត្រូវខិតខំប្រឹងប្រែងទ្វេដង ដើម្បីស្តារឡើងវិញនូវពហុភាគីនិយម សម្រាប់ដោះស្រាយបញ្ហាប្រឈមនានា
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានទទូចឱ្យអាស៊ាន និងប្រទេស BRICS (ប្រេស៊ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង) ក៏ដូចជាសហគមន៍អន្តរជាតិ ឱ្យខិតខំប្រឹងប្រែងទ្វេដង ដើម្បីស្តារឡើងវិញនូវពហុភាគីនិយម ដែលធាតុដ៏ចាំបាច់សម្រាប់ការរួបរួមក្នុងការដោះស្រាយបញ្ហានានាកំពុងកើតមានលើពិភពលោក។
ការទទូចរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈបទអន្តរាគមន៍របស់សម្តេចក្នុងវេទិកាលើកទី២ នៃគណបក្សនយោបាយ ក្រុមស្រាវជ្រាវ និងអង្គការសង្គមស៊ីវិល មកពីបណ្តាប្រទេស (BRICS) នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ។
នៅក្នុងបទអន្តរាគមន៍នេះ សម្តេចតេជោ បានលើកឡើងថា នៅក្នុងបរិបទពិភពលោកទាំងមូលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស, មិនច្បាស់លាស់ និងស្មុគស្មាញ គេមិនអាចបោះបង់ ឬងាកចេញពីយន្តការពហុភាគីនិយមបានទេ ប្រសិនបើពិតជាមានបំណងដោះស្រាយបញ្ហាប្រឈមរួមនាពេលបច្ចុប្បន្ន។
សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះ «អាស៊ាន និង ប្រ៊ីក (BRICS) ក៏ដូចជាសហគមន៍អន្តរជាតិទំាងមូល ចាំបាច់ត្រូវខិតខំប្រឹងប្រែងទ្វេដង ដើម្បីស្តារឡើងវិញនូវពហុភាគីនិយម ដែលផ្តល់អាទិភាពដល់ការរួបរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមនានា»។
ដើម្បីដោះស្រាយបញ្ហារបស់ពិភពលោកនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានទាមទារឱ្យបន្តយកចិត្តទុកដាក់ឱ្យកាន់ខ្លាំងចំពោះប្រព័ន្ធអន្តរជាតិ ដែលមានអង្គការសហប្រជាជាតិជាស្នូល និងអនុញ្ញាតឱ្យមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាជាងការប្រឈមមុខដាក់គ្នា។ លើសពីនេះទៅទៀត មិនគួររារាំងបណ្តាប្រទេសនានា ដោយការដាក់ទណ្ឌកម្មឯកតោភាគី, ការហ៊ុមព័ទ្ធសេដ្ឋកិច្ច ឬប្រើប្រាស់ទណ្ឌកម្មផ្សេងទៀត ដែលបំពានលើច្បាប់អន្តរជាតិ ក៏ដូចជាគោលការណ៍ និងគោលបំណងស្នូលដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ